Thmey Thmey 25
លោក សម ចាន់ទី ទុកការដាំបន្លែនៅផ្ទះ ដូចការហាត់ប្រាណ និងបំបាត់ភាពតានតឹងពីការងារ
02/02/2021 12:00 pm ភ្នំពេញ ភ្នំពេញ៖ លោក សម ចាន់ទី គឺជាមន្ត្រីរាជការក្នុងក្រសួងសេដ្ឋកិច្ចម្នាក់ បានចាត់ទុកការដាំបន្លែ នៅជាន់ខាងលើបំផុតនៃផ្ទះល្វែង លក្ខណៈគ្រួសារ ជាការហាត់ប្រាណ និងកាត់បន្ថយភាពតានតឹង ក្រោយបំពេញការងារ។ លោកមានសុវត្ថិភាពក្នុងការហូបចុក ដោយសារបន្លែដាំខ្លួនឯង មិនប្រើជាតិគីមី រួមទាំងមានរសជាតិឆ្ងាញ់ជាងបន្លែ ដែលទិញនៅតាមទីផ្សារ ហើយថែមទាំងជួយកាត់បន្ថយការចំណាយផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ចាន់ទី។

ក្រោយទំនេរពីការងារប្រចាំថ្ងៃ ដែលជាមន្ត្រីរាជការនៅក្រសួងសេដ្ឋកិច្ច លោក សម ចាន់ទី បានចំណាយពេលរៀងរាល់ល្ងាចរបស់ខ្លួន នៅជាន់ខាងលើបំផុតនៃផ្ទះល្វែងរបស់ខ្លួន នៅម្តុំផ្សារដីហុយ ដើម្បីថែទាំ និងស្រោចបន្លែជាច្រើនមុខ ដែលខ្លួនបានដាំដុះ រយៈពេល​៦ខែ។ បន្លែទាំងនោះ មានដូចជា ប៉េងប៉ោះ ស្ពៃតឿ ស្ពៃក្រញាញ់ ដើមខាត់ណា ននោង ត្រឡាច ម្រះព្រៅ សណ្តែកកួរ និងជីរជាច្រើនមុខ។

មានអាយុ ៣២ឆ្នាំ លោក សម ចាន់ទី ប្រាប់សារព័ត៌មាន Thmeythmey25 ថាការដាំបន្លែបង្ការនៅផ្ទះនេះ ប្រៀបដូចជាការធ្វើលំហាត់បា្រណ បន្ថយភាពតានតឹងក្រោយបំពេញការងារដូច្នោះដែរ។ លោក សម ចាន់ទី រៀបរាប់លាយសំណើចផងប្រាប់ សារព័ត៌មាន Thmeythmey25 ដូច្នេះ៖« ខ្ញុំដាំបន្លែហ្នឹង ចាត់ទុកដូចជាការហាត់ប្រាណអ៊ីចឹង ព្រោះពេលលើកដី ឬផើងបន្លែ ធ្វើឲ្យបែកញើស ហើយក៏បានបន្លែធម្មជាតិបរិភោគ និងបានកាត់បន្ថយភាពតានតឹង ពីការងារផងដែរ។ ពេលមកដល់ផ្ទះ ខ្ញុំឃើញបន្លែធម្មជាតិ ខៀវស្រស់ ហើយពេលស្រោចទឹកវាទៅ ធ្វើខ្ញុំមានអារម្មណ៍ធូរស្រាលច្រើន»។



ក្រៅតែពីអាចបន្ថយភាពតានតឹងហើយ លោក ចាន់ទី និងគ្រួសារ ក៏មានទំនុកចិត្តក្នុងការទទួលទានបន្លែដែលដាំដោយខ្លួនឯងនេះដែរ។ «ការបរិភោគបន្លែដាំខ្លួនឯង បានផ្តល់នូវសុខភាពល្អ មិនងាយឈឺផ្តេសផ្តាស ដូចការបរិភោគបន្លែទិញពីផ្សារឡើយ ព្រោះនៅពេលបរិភោគ ប៉ះចំបន្លែដែលមានសារជាតិគីមីប៉ះពាល់ដល់សុខភាព វាធ្វើឲ្យឈឺពោះ វិលមុខ និងឈឺក្បាលជាដើម»។ នេះជាការរៀបរាប់របស់មន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ។

យ៉ាងណាក៏ដោយ បន្លែបង្ការដែលដាំខ្លួនឯង បានជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ បានមួយផ្នែកប៉ុណ្ណោះ ព្រោះសមាជិកគ្រួសារមានច្រើន ហើយទីធ្លាដាំដំណាំតូច មិនអាចដាំបន្លែបានច្រើន។ ដូច្នេះគ្រួសារ លោក សម​ ចាន់ទី ក៏ត្រូវទិញបន្លែ ត្រី សាច់ពីផ្សារមកបំពេញបន្ថែមផងដែរ។



លោក សម​ ចាន់ទី ក៏លើកទឹកចិត្តដល់អ្នកដែលមានទីធ្លាផ្ទះធំ និងពន្លឺថ្ងៃគ្រប់គ្រាន់ ឲ្យដាំបន្លែបន្ថែមនៅផ្ទះផងដែរ ព្រោះវាមានសុវត្ថិភាពក្នុងការបរិភោគ កាត់បន្ថយការចំណាយ និងទទួលបានសុខភាពល្អ ដែលវាដូចជាការហាត់ប្រាណផងដែរ។ ប៉ុន្តែមន្រ្តីរូបនេះ ណែនាឲ្យរកដីមកដាំដោយឯង ព្រោះដីទិញពីគេ មានតម្លៃថ្លៃ និងអាចចំណាយថវិកាច្រើន»៕


ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com